Breaking News

Saturday, August 2, 2014

សង្គមស៊ីវិលៈ ថាចាំមើល ទាំងអស់គ្នា បាក់ឌុបឆ្នាំនេះ

[អត្ថបទ៖ ដើមអម្ពិល] ភ្នំពេញ ៖ សង្គមស៊ីវិល ធ្វើការពាក់ព័ន្ធ និងវិស័យអប់រំ បានលើកឡើងស្របគ្នាថា ការប្រឡងសញ្ញាបត្រមធ្យម សិក្សា ទុតិយភូមិ ឬបាក់ឌុប នៅថ្ងៃចន្ទទី៤ សីហា ស្អែកនេះ ជាវេលាមួយដែលមនុស្សទាំងអស់គ្នារងចាំមើល ថាកំណែទម្រង់វិស័យអប់រំ របស់រាជរដ្ឋាភិបាលនៅអាណត្តិទី៥នេះ មានប្រសិទ្ធបានប៉ុណ្ណា ខណៈដែលបាក់ឌុប កាលពីឆ្នាំមុនៗ រងរិះគន់ដោយមិនសំចៃមាត់ថា មានអំពើពុករលួយគ្រប់រូបភាពនោះ។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀន បានវាយតំលៃជាជំហានដំបូងថា បាក់ឌុបឆ្នាំនេះមានភាព ខុសប្លែក ពីឆ្នាំកន្លងទៅត្រង់ថា មានការចូលរួមសង្គេតការពីអង្គភាពប្រឆាំងអំពើពុករលួយ និងសង្គម ស៊ីវិលដែលពាក់ ព័ន្ធ។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃអាទិត្យនេះ លោក រ៉ុង ឈុន បន្តថា" ថ្ងៃនេះយើងមិន ទាន់អាច សន្និដ្ឋានបានទេថាដំណើរការទៅយ៉ាងម៉ិចនោះ គឺយើងរងចាំមើលទាំងអស់គ្នាពេលប្រឡងចប់ ប៉ុន្តែឆ្នាំនេះយើង គ្រាន់តែថា ប្លែកមានការបើកទូលាយឲ្យមាន ការចូលរួមពីអង្គការសង្គមស៊ីវិល"។
ចំពោះទិដ្ឋភាពជារួមវិញត្រូវបានលោក រ៉ុង ឈុន មើលឃើញថាការលក់ឯកសារឬ ប្រ៊ីយ៉ុងនៅតែកើត មាន ប៉ុន្តែការបែកធ្លាយវិញ្ញាសាយើងមិនទាន់លេចឮព័ត៌មានអីទេ។
ជាមួយគ្នានេះ លោក សុខ ឌូ មន្ត្រីសម្របសម្រួលកម្មវិធីវិទ្យាស្ថានខ្មែរសម្រាប់អភិវឌ្ឍន៍ជាតិ(KIND) បានលើក ឡើងស្រដៀងគ្នានេះដែរថា ក្រសួងអប់រំមានការយកចិត្តទុកដាក់ខ្ពស់លើការប្រឡងបាក់ ឌុបឆ្នាំនេះតាំងពីដើម ឆ្នាំរហូតដល់ចុងឆ្នាំ។
លោកបន្តឲ្យដឹងទៀតថា "ទោះបីជាមានការកែទម្រង់ច្រើន មានការផ្ដល់ឱកាសឲ្យអ្នកពាក់ព័ន្ធចូលរួម សង្គេត ការណ៍ក៏ដោយនោះ ប៉ុន្តែយើងក៏អត់ទាន់ហ៊ានដាក់ការទុកច្រើនដែរ យើងរងចាំមើលលទ្ធផលក្រោយប្រឡង ទាំងគ្នា។ យើងនៅតែសង្ឃឹមលទ្ធផលនឹងប្រសើរជាងឆ្នាំមុនៗ"។
លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំបានថ្លែង ឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងដែរថា រហូតមក ដល់ថ្ងៃអាទិត្យនេះវិញ្ញាសាប្រឡងគ្រប់មុខ គឺស្ថិតនៅក្នុងដៃលោក ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំនៅ ឡើយទេពោលគឺមិនមានការបែកធ្លាយវិញ្ញាសានោះទេ។
លោកថា "គ្រប់វិញ្ញាសាមានការវេចខ្ចប់យ៉ាងសំងាត់បំផុត តាមប្រព័ន្ធបច្ចេកវិទ្យា របស់ក្រសួងហើយមុនការ ប្រឡងមកដល់យើងបានជួបប្រជុំជាមួយអ្នកពាក់ព័ន្ធទាំង អស់និយាយពីបញ្ហា មិនឲ្យមានការបែកធ្លាយវិញ្ញាសា និងការរឹតបណ្តឹងវិន័យជាដើម"។
មុនការប្រឡងមកដល់គេឃើញមានការចេញបទបញ្ជានានា ឬការព្រមានផ្សេងឲ្យសិស្សនុសិស្សតាំងចិត្ត ប្រឡងដោយសមត្ថភាពខ្លួនឯងផ្ទាល់ដូចជា ការហាមមិនឲ្យយកទូរស័ព្ទចូល បន្ទប់ ប្រឡង ម៉ាស៊ីនគិតលេខ និងសំណៅ ឯកសារផ្សេង ប្រសិនមាននឹងធ្លាក់ជាស្វ័យប្រវត្តិ។
តែជាយ៉ាងណាក៏ដោយការប្រឡងនៅឆ្នាំនេះ ត្រូវបានគេដាក់សំណួរថា តើទទួលបានប្រសិទ្ធភាពបាន កម្រិត ណា?
សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំសិក្សា ២០១៣-២០១៤ មានបេក្ខជនដាក់ពាក្យចំនួន ៩៣.៤៥៦ នាក់ មានបន្ទប់ ប្រឡងចំនួន ៣.៧៧៩ បន្ទប់ ក្នុង មណ្ឌល ចំនួន១៥៤ នៅទូទាំងរាជធានី-ខេត្ត៕

No comments:

Post a Comment

Designed By